• 2018-06-19 09:32:09
  • បាល់ទាត់

​តើ​ មាស​ សំអឿន​​ និយាយ​អ្វី​​ពី​កញ្ញា​ Sandra ពេល​​ហាត់​ជាមួយ​​ជម្រើស​ជាតិ​នារី​?

  • 2018-06-19 09:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​​កម្ពុជា​បាន​កំពុង​ប្រមូល​ប្តុំ​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ជាតិ​​បាទី​ ខេត្ត​តាកែវ​ដែល​មាន​កីឡាករ​កីឡា​ការិនី-ខ្មែរ ​អូស្ត្រាលី​ កញ្ញា​ Sandra Hill​ ​ចូល​រួម​ជា​មួយ​ជម្រើស​ជាតិ​ផង​ដើម្បី​ត្រៀម​​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFF Women's Championship​ ឆ្នាំ​ ២០១៨​ នៅ​ពេល​ខាង​មុខ។​

លោក មាស សំអឿន ជា​មួយ​ក្រុម U16 កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧

លោក មាស សំអឿន គ្រូ​បង្វឹក​ជម្រើស​ជាតិ​នារី​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា​ កីឡាការិនី​ Sandra Hill ដែល​ជា​ក្មួយ​​ស្រី​របស់​លោក​ប្រាក់ សុវណ្ណារ៉ា​ ទើប​បាន​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០១៨​​កន្លង​ទៅ​នេះ។ លោក​បាន​កត់​សម្គាល់ឃើញ​ថា ថ្ងៃ​ជួប​គ្នា​ដំបូង កីឡា​ការិនី​ Sandra Hill បាន​បង្ហាញ​ភាព​សប្បាយ​រីក​រាយ​ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ ហើយ​ទៅ​ទឹក​មុខ​ដូច​ជា​ពេញ​ចិត្ត​ខ្លាំង​ និង​ចង់​ជួយ​ក្រុម​ជម្រើស​ជាតិ​ខ្លាំង។

លោក​គ្រូ​ មាស សំអឿន​បាន​​ឲ្យ​ដឹង​​ថា បន្ទាប់​ពី​បាន​ហ្វឹកហាត់​ជា​មួយ​គ្នា​រយៈ​ពេល​​មួយ​ថ្ងៃ​ លោក​កត់​សំគាល់​ឃើញ​ថា​ Sandra Hill មាន​កម្រិត​បច្ចេកទេស​ខ្ពស់​ជាង​​ក្រុម​កីឡា​ការិនី​កម្ពុជា។ លក្ខណៈ​ពិសេស​ដែល​លោក​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​កម្លាំង​ បច្ចេកទេស​ និង​ស្មារតី​របស់​កីឡា​ការិនី​ខ្មែរ-អូស្ត្រាលី​ម្នាក់​នេះ​ល្អ។

កីឡាការិនី Sandra Hill

«Sandra Hill មក​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នារី​ពេល​​នេះ​ ចំ​ពេល​ដែល​យើង​ខ្វះ​អ្នក​លេង​ខ្សែ​​បម្រើ​កណ្តាល។ គាត់​ (Sandra Hill) ​លេខ​​តួនាទី​ខ្សែ​បម្រើ​កណ្តាល​ តែ​គាត់​ក៏​អាច​លេង​បម្រើ​ប្រយុទ្ធ​ និង​បម្រើ​ការពារ​ផង​ដែរ»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ មាស​ ​សំអឿន​ និង​បញ្ជាក់​ថា ចាំ​មើល​ស្ថានភាព​ជាក់​ស្តែង​ពេល​​ប្រកួត​មក​ដល់​​ ហើយ​លោក​​អាច​​ដាក់​ឲ្យ​នាង​លេង​តាម​កាលៈទេសៈ​ពេល​ប៉ះ​ជម្រើស​ជាតិ​ណា​មួយ។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​ត្រូវ​បាន​ជ្រើស​រើស​បាន​២៣​នាក់​ចុង​ក្រោយ​ និង​បាន​​ប្រមូល​ប្តុំ​​ហ្វឹកហាត់​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​ ឆ្នាំ​២០១៨​កន្លង​ទៅ។ ក្នុង​ការ​ហ្វឹកហាត់​នៅ​​ទន្លេ​បាទី​នេះ​ ក្រុម​នារី​កម្ពុជា​​បាន​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​​បាល់ទាត់​បុរស​​ដែល​មក​ពី​ស្ថាប័ន​ផ្សេង​ៗ។

ក្រុម​បាល់ទាត់​នារី​កម្ពុជា​ស្ថិត​នៅ​ពូល​ A ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នារី​ថៃ អូស្ត្រាលី​ ម៉ាឡេស៊ី​ និង​ទីម័រខាងកើត។ ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​​៣០ មិថុនា​ ដល់​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់