• 2018-06-15 03:11:17
  • វិភាគ

កីឡាករ​ស្នូល​៥​នាក់​ដែល​ជះ​ឥទ្ធិពល​ដល់​ប្រកួត​ ព័រទុយហ្គាល់​ និង​អេស្ប៉ាញ

  • 2018-06-15 03:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ World Cup បាន​ឈាន​ដល់​ថ្ងៃ​ទី​ពីរ​គិត​ត្រូវ​ថ្ងៃ​សុក្រ​នេះ​ ខណៈ​ពូល​ A បាន​បញ្ចប់​គូ​ទី​មួយ​យប់​មិញ។ នៅ​យប់​នេះ​គូ​ទី​ពីរ​ពូល​ A រវាង​អេហ្ស៊ីប​ និង​អ៊ុយរូហ្គាយ​នឹង​លេង​បន្ត​ ខណៈ​ពូល​ B ទាំង​ពីរ​គូ​នឹង​ធ្វើ​ការ​ប្រកួត​ដូចគ្នា​គឺ​ម៉ារ៉ុក​ ប៉ះ​អ៊ីរ៉ង់​ ហើយ​ អេស្ប៉ាញ​ ប៉ះ​ព័រទុយហ្គាល់​ដែល​ជា​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។​

ព័រទុយហ្គាល់​ជា​ជើង​ឯក​ Euro ឆ្នាំ​២០១៦​ ស្រប​ពេល​អេស្ប៉ាញ​ជា​ជើង​ឯក​ Euro ឆ្នាំ​២០០៨ និង​២០១២​ ដូច្នេះ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​នឹង​រង់ចាំ​មើល​ថា​តើ​ក្រុម​ណា​អាច​បាន​៣​ពិន្ទុ​ពេល​ប៉ះ​គ្នា​​នៅ​ World Cup។ មុន​ការ​ប្រកួត​មក​ដល់​យើង​ទៅ​មើល​កីឡាករ​ស្នូល​៥​រូប​ដែល​ជា​កូន​សោ​សំខាន់​។

#៥ Sergio Ramos

Sergio Ramos គឺ​ជា​ប្រធាន​ក្រុម​អេស្ប៉ាញ​ និង​ជា​ខ្សែ​ការពារ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។​ កីឡាករ​វ័យ​៣២​ឆ្នាំ​រួម​ចំណែក​ជួយ​ Real Madrid ឈ្នះ​ Champions League ៣​រដូវ​កាល​ជាប់​គ្នា​។​ នេះ​គឺ​ជា​ការ​លេង​ World Cup លើក​ទី​៤​របស់​ Ramos ដោយ​ធ្លាប់​នាំ​ក្រុម​ឈ្នះ​ពាន​ម្ដង​កាល​ពី​ឆ្នាំ​២០១០។​ រូប​គេ​​មាន​បទពិសោធន៍​ជោកជាំ​ដោយ​លេង​បាន​១៥១​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។​

#៤ Pepe

Pepe គឺ​ជា​ខ្សែ​ការពារ​មាន​បទពិសោធន៍​​របស់​ ព័រទុយហ្គាល់​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​៩១​លើក​និង​ជួយ​ក្រុម​ឈ្នះ​ពាន​ Euro កាល​ពី​ឆ្នាំ​២០១៦​។ កីឡាករ​រូប​នេះ​ធ្លាប់​ជា​ជម្រើស​ដំបូង​របស់​ Real Madrid ដូច្នេះ​បទពិសោធន៍​លេង​នៅ La Liga ច្រើន​ឆ្នាំ​អាច​ធ្វើ​ឲ្យ​គេ​យល់​ច្រើន​ពី​បាល់​អេស្ប៉ាញ។

#៣ Diego Costa

អ​វត្តមាន​របស់​ Alvaro Morata ធ្វើ​ឲ្យ​ Diego Costa ឈាន​មុខ​គេ​សម្រាប់​ជម្រើស​ដំបូង​ក្រុម​អេស្ប៉ាញ​ បើ​ធៀប​ជាមួយ​ Iago Aspas។ Costa នឹង​ជា​តួ​អង្គ​សំខាន់​ដោយ​សារ​ក្រុម​រហស្សនាម​ថា​គោ​ជល់​អាច​​លេង​ប្រព័ន្ធ​ ៤-៣-៣ ធ្វើ​ឲ្យ​រូប​គេ​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​គាំទ្រ​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​សងខាង​២​រូប​មាន​ Silva និង​ Isco។

#២ Cristiano Ronaldo

បើ​និយាយ​ពី​ព័រទុយហ្គាល់​ គេ​នឹង​មិន​អាច​ភ្លេច​បាន​ទេ​ពី Cristiano Ronaldo។ កីឡាករ​រូប​នេះ​ធ្លាប់​លេង​ World Cup ៣​លើក​មក​ហើយ​ និង​បង្ហាញ​ខ្លួន​បាន​១៣​ប្រកួត​ក្នុង​កម្មវិធី​នេះ។ Ronaldo គឺ​ជា​កម្លាំង​សំខាន់​របស់​ក្រុម​លោក​ Santos ដោយ​ស៊ុត​បាន​១៥​គ្រាប់​នៅ​វគ្គ​ជម្រុះ។ ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​នឹង​ក្លាយ​ជា​បញ្ហា របស់​ខ្សែ​ការពារ​ទាំង​ឡាយ​របស់​អេស្ប៉ាញ​នៅ​យប់​នេះ។​

#១ Andres Iniesta

Andres Iniesta គឺ​ជា​ខ្សែ​បម្រើ​ល្អ​ផ្ដាច់​គេ​មួយ​រូប​នៅ​ក្នុង​ពិភព​បាល់ទាត់​ដោយ​មិន​អាច​ប្រកែក​បាន។​ ក្រៅ​ពី​ជោគជ័យ​ជាមួយ​ Barcelona តារា​ឆ្នើម​វ័យ​៣៤​ក៏​ជា​វីរបុរស​ជួយ​ឲ្យ​អេស្ប៉ាញ​ឈ្នះ​ World Cup នៅ​ឆ្នាំ​២០១០​ដោយ​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ ១​ទល់​នឹង​០​ លើ​ក្រុម​ជម្រើស​ជាតិ​ហូឡង់។​ ទោះ​មាន​វ័យ​ច្រើន​តែ​តារា​ឆ្នើម​ពាក់​អាវ​លេខ​៦​​នៅ​តែ​មាន​ទម្រង់​លេង​ល្អ​ពិសេស​គឺ​ការ​បង្កើត​ឱកាស​ និង​ចែក​បាល់​ឲ្យ​ទៅ​តំបន់​ប្រយុទ្ធ៕

ប្រភព៖ FIFA | UEFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់