• 2018-06-12 12:12:25
  • បាល់ទាត់

លេង​ម៉ាក​អស់​ស្ទះ! បី​ប្រកួត​ចុង​ក្រោយ Lukaku លេង​ពាក់​ស្បែក​ជើង​បី​ម៉ាក​ខុស​គ្នា​តែ​ម្ដង

  • 2018-06-12 12:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ប្លែក​ពី​កីឡាករ​បាល់ទាត់​ល្បីៗ​ភាគ​ច្រើន​ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ថា​ពាក់​ស្បែក​ជើង​ម៉ាក​តែ​មួយ​នា​ពេល​ប្រកួត​ម្ដងៗ ខ្សែ​ប្រយុទ្ធ Lukaku ពាក់​ស្បែក​ជើង​ម៉ាក​ខុស​ៗ​គ្នា នា​រដូវ​កាល ២០១៧/១៨ នេះ។ ជា​ពិសេស​ នា​ ៣ ប្រកួត​អន្តរជាតិ​ចុង​ក្រោយ ខ្សែ​ប្រយុទ្ធ​បែលហ្សិក​បាន​ប្រើ​ប្រាស់​ស្បែក​ជើង​រហូត​ដល់​ទៅ ៣ ម៉ាក។

មូល​ហេតុ​ដែល​នាំ​ឲ្យ​កីឡាករ Lukaku មាន​ស្ថាន​ភាព​បែប​នេះ គឺ​ដោយ​សារ​តែ​កីឡាករ​មិន​មាន​កុងត្រា​ស្បែក​ជើង​ជា​មួយ​ក្រុមហ៊ុន​ណា​មួយ​ឡើយ នា​រដូវ​កាល ២០១៧/១៨ នេះ។ ដូច្នេះ​មាន​ន័យ​ថា មុន​ប្រកួត​ម្ដងៗ​នា​មួយ​រដូវ​កាល​កន្លង​ទៅ​នេះ ភាគ​ច្រើន​កីឡាករ​តែង​ប្រើ​ប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ទិញ​ស្បែក​ជើង​ប្រកួត។

តាម​ពិត​ទៅ កីឡាករ​ធ្លាប់​ចុះ​កុងត្រា​ស្បែក​ជើង​ជាមួយ​ក្រុម​ហ៊ុន​ Nike កាល​នៅ​លេង​ឲ្យ Everton។ ទោះ​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​បាន​សម្រេច​មិន​បន្ត​កិច្ច​ព្រមព្រៀង​នេះ​ទៀត នា​រដូវ​កាល ២០១៧/១៨។ ហេតុ​នេះ​ហើយ ទើប​ Lukaku តែង​ត្រូវ​បាន​ប្រទះ​ឃើញ​ថា​បាន​ដូរ​ម៉ាក​ស្បែក​ជើង​ក្នុង​ការ​ពាក់​ប្រកួត​ស្ទើរ​ជា​ប្រចាំ។

ក្រឡេក​មើល ៣ ប្រកួត​អន្តរ​ជាតិ​ចុង​ក្រោយ កីឡាករ​បាន​ពាក់​ម៉ាក​ស្បែក​ជើង​ដល់​ទៅ​បី មាន​ន័យ​ថា មួយ​ប្រកួត​ ខ្សែ​ប្រយុទ្ធ​ពាក់​ស្បែក​ជើង​មួយ​ម៉ាក។ កាល​ប៉ះ​ជាមួយ​អេហ្ស៊ីប កីឡាករ​បាន​ពាក់​ស្បែក​ជើង​ម៉ាក Nike ហើយ​បាន​ដូរ​ទៅ​ពាក់​ម៉ាក Addidas នៅ​ប្រកួត​ជាមួយ​ព័រទុយហ្គាល់ ហើយ​ផ្លាស់​មក​ពាក់​ស្បែក​ជើង​ម៉ាក​ Puma ក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​កូស្តារីកា។

ការណ៍​ដែល​ Lukaku មិន​បាន​ចុះ​កុងត្រា​ស្បែកជើង​ជាមួយ​ក្រុមហ៊ុន​ណា​មួយ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដល់​សារព័ត៌មាន​មួយ​ចំនួន។ នៅ​ក្រោយ​ប្រកួត​កូស្តារីកា កាល​ពី​ពេល​ថ្មីៗ​នេះ​ ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ត្រូវ​បាន​សួរ​ឲ្យ​បក​ស្រាយ​ជុំវិញ​ស្ថានភាព​កុងត្រា​ស្បែក​ជើង។ Lukaku បាន​និយាយ​យ៉ាង​ខ្លី៖ "គឺ​កីឡាករ​ជា​អ្នក​សម្រេច​ជ្រើស​យក​ស្បែក​ជើង មិន​មែន​ស្បែក​ជើង​នោះ​ទេ ដែល​សម្រេច​ជ្រើស​កីឡាករ"។

សូមបញ្ជាក់ផងដែរ Lukaku ស៊ុតចូលសរុបបាន ២៧ គ្រាប់ឲ្យ​ក្លឹបបិសាចក្រហម ក្នុងរដូវកាល ២០១៧/១៨៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់