• 2018-06-11 08:20:33
  • ប្រវត្តិ​​

ការ​ពិត​មួយ​ចំនួន​របស់​ជម្រើស​ជាតិ​អ៊ីស្លង់​ដែល​ជា​ក្រុម​ចំណូល​ថ្មី​ World Cup

  • 2018-06-11 08:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីស្លង់​បាន​ឡើង​ទៅ​​លេង​​ World Cup លើក​ដំបូង​នៅ​ឆ្នាំ​២០១៨​​ ហើយ​​បាន​ក្លាយ​ជា​ប្រទេស​មាន​ផ្ទៃដី​តូច​ជាង​គេ​បាន​កៅអី​ពាន​រង្វាន់​ពិភពលោក​។​

ក្រុម​តូច​តែ​ខ្លាំង​មក​ពី​ទ្វីប​អឺរ៉ុប​មួយ​នេះ​សឹង​តែ​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​តាំង​ពី​​ World Cup​ ២០១៤​ មក​ម្ល៉េះ​ប៉ុន្តែ​ខកខាន​ក្រោយ​ចាញ់​ ក្រូអាត​ ២-០ ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​រង់ចាំ​៤​ឆ្នាំ​។ ការ​សម្រេច​ជោគជ័យ​នៅ​ឆ្នាំ​២០១៨​កើត​ឡើង​ក្រោយ​អ៊ីស្លង់​យក​ឈ្នះ​ ​កូសូវ៉ូ​ ឈរ​លេខ​១​ក្នុង​ពូល​ដោយ​ដាច់​ក្រូអាត​ចំនួន​២​ពិន្ទុ។​ ដោយ​សារ​អ៊ីស្លង់​ជា​ក្រុម​ថ្មី​ដូច្នេះ​ យើង​សូម​បង្ហាញ​ការ​ពិត​៥​យ៉ាង​ដែល​ប្រិយ​មិត្ត​អាច​មិន​ដឹង​ពី​ក្រុម​ជម្រើស​ជាតិ​ពួកគេ។

​#៥ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់​ គឺ​អតីត​កីឡាករ​បាល់ទាត់​ និង​ពេទ្យ​ធ្មេញ។​ លោក​ Heimir Hallgrímsson ធ្លាប់​លេង​បាល់ទាត់​អាជីព​នៅ​ក្លឹប​មួយ​ចំនួន​ដែល​មិន​សូវ​ល្បី​ឈ្មោះ​មុន​ចាប់​អាជីព​ជា​ពេទ្យ​ធ្មេញ។​ យ៉ាង​ណា​ក្រោយ​លោក​បាន​ដំណែង​ធំ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បុរស​វ័យ​៥១​ឆ្នាំ​រូប​នេះ​មិន​បាន​បោះបង់​ចោល​ការងារ​ចាស់​ទាំង​ស្រុង​ទេ​ ពោល​គឺ​នៅ​ធ្វើជា​ពេទ្យ​ធ្មេញ​ក្រៅ​ម៉ោង​ដដែល។​

#៤ កីឡាករ​ជម្រើស​ជាតិ​មិន​សូវ​មាន​បទ​ពិសោធន៍​ក្រៅ​ប្រទេស

តាម​តួលេខ​មាន​ប្រទេស​នេះ​មាន​កីឡាករ​ប្រមាណ​ ២១៥០០​នាក់​ តែ​កីឡាករ​ជម្រើស​ជាតិ​​១៥​នាក់​ក្នុង​ចំណោម​២៣​នាក់​របស់​អ៊ីស្លង់​គឺ​លេង​បាល់​ទាត់​អាជីព​ក្នុង​ស្រុក​ មាន​តែ​៨​នាក់​ប៉ុណ្ណោះ​ដែល​ចេញ​ក្រៅ​ប្រទេស។​ Gylfi Sigurdsson គឺ​ជា​កីឡាករ​លេច​ធ្លោ​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​របស់​អ៊ីស្លង់​ដោយ​រូប​គេ​កំពុង​លេង​ជាមួយ​ Everton នៅ​ក្របខ័ណ្ឌ​ Premier League។​

#៣ អ៊ីស្លង់​ជា​ប្រទេស​ងប់ងុល​នឹង​បាល់ទាត់​

អ៊ីស្លង់​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ងប់ងុល​នឹង​បាល់ទាត់​ខ្លាំងក្លា​បំផុត។ នៅ​ពេល​ប្រកួត​អន្តរជាតិ​ម្ដង​ៗ​តាម​ផ្លូវ​មាន​ភាព​ស្ងាត់ជ្រងំ​ដោយ​សារ​ប្រជាជន​ពួកគេ​ជាប់​រវល់​ទស្សនា​ការ​ប្រកួត​បាល់ទាត់។ តាម​តួ​លេខ​បង្ហាញ​ថា​៩៨,៦​%​នៃ​ប្រជាជន​អ៊ីស្លង់​បាន​ទស្សនា​ការ​ប្រកួត​បាល់ទាត់​តាម​ទូរទស្សន៍​រវាង​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់​ និង​ហុងគ្រី​កាល​ពី Euro ឆ្នាំ​២០១៦។

#២ ក្បាច់​ទះដៃ​គាំទ្រ​របស់​អ៊ីស្លង់​ ក្រៅ​ពី​មាន​ក្រុម​ជម្រើស​ជាតិ​ខ្លាំង​ អ៊ីស្លង់​ក៏​មាន​អ្នក​គាំទ្រ​ខ្លាំង​ដូចគ្នា។​ The Viking Clap គឺ​ជា​ក្បាច់​ទះដៃ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​អ៊ីស្លង់​ច្បាស់​កាល​ពី​ Euro។ ក្បាច់​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្សារភ្ជាប់​រវាង​កីឡាករ​លើ​ទីលាន​ និង​អ្នក​គាំទ្រ​ ហើយ​វា​បាន​សាយភាយ​យ៉ាង​ឆាប់​រហ័ស​នៅ​ជុំវិញ​ពិភពលោក។

#១ ​ចំណាត់ថ្នាក់​ FIFA

៥​ឆ្នាំ​មុន​ អ៊ីស្លង់​មាន​ចំណាត់ថ្នាក់​ FIFA លេខ​៤៩​ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​កាន់​លេខ​២២​ មាន​ន័យ​ថា​ត្រឹម​៥​ឆ្នាំ​ប៉ុណ្ណោះ​អ៊ីស្លង់​បាន​លោត​រហូត​២៧​លេខ​នៅ​ក្នុង​ FIFA ranking។ ការ​ធ្វើ​ព្យុះភ្លៀង​កាល​ Euro ២០១៦​ និង​ការ​បាន​កៅអី​ World Cup គឺ​ជា​មូលហេតុ​នៃ​ការ​ឡើង​ចំណាត់ថ្នាក់​លឿន​របស់​ពួកគេ៕

ប្រភព៖ Wikipedia ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់