• 2018-06-11 03:52:42
  • វិភាគ

អ្នក​ចាំ​ទី​កំពូល​៥​រូប​ដែល​អ្នក​គាំទ្រ​មិន​អាច​មើល​​រំលង​នៅ​ World Cup

  • 2018-06-11 03:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​គឺជា​តំណែង​មួយ​ដែល​ពិបាក​បំផុត​ក្នុង​កីឡា​​បាល់ទាត់។ ពួកគេ​ជា​កីឡាករ​ដែល​ត្រូវ​ការពារ​មិន​ឲ្យ​មាន​គ្រាប់​បញ្ចូល​ទី​ ​ពេល​ខ្លះ​ក៏​ជា​អ្នក​បញ្ជូន​បាល់​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម​ និង​ឡើង​ប្រយុទ្ធ​ម្ដងម្កាល​ពេល​ចុង​ម៉ោង។​

នៅ​ពេល​​អ្នក​ចាំ​ទី​មាន​កំហុស​ ឬ​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​វា​អាច​ជះ​ឥទ្ធិពល​ដល់​ទម្រង់​លេង​ និង​លទ្ធផល​របស់​ក្រុម​ទាំង​មូល។​ បើ​អ្នក​ចាំ​ទី​នៅ​​ក្លឹប​មាន​ការ​លំបាក​ប៉ុណ្ណឹង​ហើយ​ ចុះ​ទម្រាំ​ពួកគេ​លេង​ឲ្យ​ជម្រើស​ជាតិ​នៅ​ព្រឹត្តិការណ៍​ World Cup តើ​មាន​សម្ពាធ​ខ្លាំង​ប៉ុនណា?

ខាង​ក្រោម​គឺ​ជា​កំពូល​អ្នក​ចាំ​ទី​៥​រូប​លើ​ពិភពលោក​ដែល​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នៅ World Cup រុស្សី៖​

#១ David De Gea

De Gea ត្រូវ​ចាត់​ទុក​ជា​អ្នក​ចាំ​ទី​បំផុត​មួយ​រូប​លើ​ពិភពលោក​នៅ​​បាល់ទាត់​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន។​ កីឡាករ​វ័យ​២៧​ឆ្នាំ​បញ្ចប់​រដូវ​កាល​ Premier League ជាមួយ​កំណត់ត្រា​ Clean sheet ១៨​ដង​ ឈ្នះ​ពាន​រង្វាន់​ស្រោម​ដៃ​មាស។​ អ្នក​ចាំ​ទី​មក​ពី Manchester United រូប​នេះ​​បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​អេស្ប៉ាញ​ស្នង​ដំណែង​​វីរបុរស​ Iker Casillas។

#២ Keylor Navas

ទោះ​មាន​វ័យ​ចំណាស់​បន្តិច​៣១​ឆ្នាំ​ តែ​ Navas នៅ​តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាមួយ​ Real Madrid ដោយ​ជួយ​ក្រុម​ឈ្នះ​ Champions League ៣​រដូវ​កាល​ជាប់​គ្នា។​ នៅ​ក្រុម​ជម្រើស​ជាតិ​វិញ​អ្នក​ចាំ​ទី​ដៃ​ស្អិត នាំ​​កូស្តារីកា​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ World Cup ឆ្នាំ​២០១៤​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដោយ​យក​ឈ្នះ​អ៊ុយរូហ្គាយ​, អង់គ្លេស​ និង​អ៊ីតាលី។

#៣ Manuel Neuer

Neuer បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​នឹង​ អូទ្រីស​ជា​លើក​ដំបូង​ក្រោយ​សម្រាក​ព្យាបាល​របួស​អស់​ជាង​១​ឆ្នាំ។​ អ្នក​ចាំ​ទី​​ដៃ​ទី​មួយ​របស់​អាល្លឺម៉ង់​គឺ​ជា​កម្លាំង​សំខាន់​ជួយ​ជម្រើស​ជាតិ​លើក​ពាន​ World Cup កាល​ពី​ឆ្នាំ​២០១៤។​

#៤​ Marc-André ter Stegen

មិន​ខុស​ពី​ Neuer ទេ Ter Stegen ក៏​ជា​អ្នក​ចាំ​ទី​កំពូល​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​ថែម​ទាំង​មាន​វ័យ​ក្មេង​ថែម​ទៀត​។ កីឡាករ​វ័យ​២៦​ឆ្នាំ​គឺ​ជា​អ្នក​ចាំទី​ជម្រើស​ដំបូង​របស់​ Barcelona ហើយ​ធ្វើ​បាន​ Clean sheet ១៩​ដង​ក្នុង​ចំណោម​៣៨​ប្រកួត​នៅ La Liga។ យ៉ាង​ណា​កីឡាករ​រូប​នេះ​មិន​ទាន់​ច្បាស់​ថា​អាច​លេង​ជា​ជម្រើស​ដំបូង​អាល្លឺម៉ង់​បាន​ឬ​ក៏​អត់​ឡើយ​ដោយ​សារ​វត្តមាន​ Neuer ត្រឡប់​មក​វិញ។

#៥ Thibaut Courtois

ទោះ​ Chelsea​ មាន​រដូវ​កាល​មិន​ល្អ​នៅ​ Premier League ដោយ​គ្មាន​កៅអី​នៅ​ពាន​ទ្វីប​អឺរ៉ុប​ប៉ុន្តែ​ Courtois នៅ​តែ​​ចាត់​ទុក​ជា​អ្នក​ចាំ​ទី​កំពូល​មួយ​រូប​ដោយ​ផ្អែក​លើ​ទម្រង់​លេង​លើ​ទី​លាន​របស់​គេ។​ កីឡាករ​កម្ពស់​ខ្ពស់​សញ្ជាតិ​បែលហ្សិក​ សង្គ្រោះ​បាល់​បាន​៧៦​ដង​ និង​ Clean sheet ១៥​ប្រកួត​នៅ​លីគ​អង់គ្លេស៕

ប្រភព៖ FIFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់