• 2018-06-07 09:36:56
  • វិភាគ

រឿងរ៉ាវ​ជោកជាំ​របស់ Messi ជាមួយ​អាហ្សង់ទីន​នៅ World Cup

  • 2018-06-07 09:36:56
  • ចំនួនមតិ 1 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

World Cup 2018 ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ស្ថិត​នៅ​ពូល D ជាមួយ​​អ៊ីស្លង់ ក្រូអាត​និង​នីហ្សេរីយ៉ា។ Lionel Messi ត្រូវ​ដើរ​តួ​ជា​ប្រធាន​ក្រុម ដឹកនាំ​នាវា​​ជម្រើស​ជាតិ​​ចូល​សមរភូមិ​៤​ឆ្នាំ​ម្ដង​នេះ។

ប្រវត្តិ​របស់​អាហ្សង់ទីន​ធ្លាប់​គ្រង់​ជើង​ឯក World Cup ២ដង​ក្នុង​ឆ្នាំ​១៩៧៨​និង​១៩៨៦ ហើយ​ក៏​ធ្លាប់​រង​ជើង​ឯក​៣​ដងឯណោះ​ នា​ឆ្នាំ​១៩៣៤ ១៩៩០ និង​២០១៤។ សម្រាប់​លើក​នេះ​ជា​ឆ្នាំ​ទី​១៧​ហើយ​ ដែល​ក្រុម​មក​ពី​អាមេរិក​ខាង​ត្បូង​មួយ​នេះ​​ចូលរួម​បាល់ទាត់​ពិភពលោក។

និយាយ​ពី Messi រូប​គេ​​បាន​ឡើង​មក​លេង​នៅ World Cup ដំបូង​ក្នុង​ឆ្នាំ​២០០៦ ដែល​រៀបចំ​នៅ​អាល្លឺម៉ង់ កាល​នេះ​មាន​អាយុ​១៨​ឆ្នាំ។ ដោយ​សារ​កាល​នោះ​នៅ​វ័យ​ក្មេង​កីឡាករ​របស់ Barcelona ត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ។ ការប្រកួត​ទី​២​ជាមួយ​សែប៊ី​និង​ម៉ុងតេណេក្រូ​​ក្នុង​ពូល​ Messi បាន​ប្ដូរ​ចូល​ជំនួស Maxi Rodríguez ដែល​ជា​ប្រកួត​ដំបូង​របស់​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup ហើយ​ក៏​បាន​ទាត់​បញ្ចូល​ទី​១​គ្រាប់​នៅ​នាទី​៨៨ ក្នុង​ជ័យជម្នះ ៦-០។ ឆ្នាំ​នោះ​អាហ្សង់ទីន​ឡើង​​ដល់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ ដោយ​ចាញ់​បាល់ប៉េណាល់ទី​របស់​អាល្លឺម៉ង់។

ឆ្នាំ​២០១០ Messi បាន​បង្ហាញ​វត្តមាន​ម្ដង​ទៀត​នៅ​កម្មវិធី​ប្រចាំ​ពិភពលោក​ខាង​លើ ដោយ​កាល​នោះ​លេង​នៅ​​អាហ្វ្រិក​ខាងត្បូង។ ជា​ឆ្នាំ​​របស់​កីឡាករ​ជំនាញ​ជើង​ឆ្វេង​​កំពុង​ឡើង​ជើង​ បាន​ជួយ​អាហ្សង់ទីន​ឈរ​លេខ​១​ក្នុងពូល B រួច​បន្ត​ដំណើរ​រហូត​​វគ្គ​៨​ក្រុម​ចុងក្រោយ​ជួប​អាល្លឺម៉ង់​ជា​ថ្មី។​ ប្រវត្តិសាស្ត្រ​ច្រំដែល​ អាល្លឺម៉ង់​បាន​លត់​ក្រុម Messi ទក់​សាច់​៤ទល់​នឹង​០ បញ្ចប់​ក្ដី​ស្រមៃ​លើក​ពាន World Cup។

​ World Cup ២០១៤​នៅ​ប្រេស៊ីល​ ជា​ឆ្នាំ Messi កំពុង​ល្អ​ខ្លាំង ហើយ​ក៏​ជា​ឆ្នាំ​ឈឺ​ចាប់​បំផុត​ផង​ដែរ។ ​​ស្ថិត​នៅ​ពូល F ជាមួយ​នីហ្សេរីយ៉ា បូស្នី និង​អ៊ីរ៉ង់ ក្រុម​របស់ Messi លេង​ល្អ​ឈ្នះ​ទាំង​៣​ប្រកួត។ រួច​បន្ត​ឡើង​ទៅ​ជួប​ស្វីស​នៅ​វគ្គ​១៦​ក្រុម យក​ឈ្នះ​១-០ បន្ត​ដំណើរ​ឈ្នះ​​ប៉ះ​បែលហ្សិក​ ១-០​ទៀតវគ្គ​៨​ក្រុម។ ឈាន​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ អាហ្សង់ទីន​ជួប​គូ​ប្រជែង​ខ្លាំង​ហូឡង់។ ក្រុម​ទាំង​ពីរ​​លេង​រហូត​ដល់​ប៉េណាល់ទី ចុងក្រោយ​អាហ្សង់ទីន​ឈ្នះ​ ៤-២។ គូព្រេង​មិន​​ព្រាត់​វគ្គ​ផ្ដាច់ព្រ័ត្រ Messi ជួប​អាល្លឺម៉ង់​ជា​ថ្មី ហើយ​បរាជ័យ​ទាំង​ឈឺ​ចាប់​ ១-០ ដោយ​ថ្វី​ជើង​ទាត់​បញ្ចូល​ទី​របស់ Gotze។ ចប់​កម្មវិធី Messi ​បាន​ប្រកាស​ចូលនិវត្តន៍​ពី​ជម្រើស​ជាតិ ធ្វើ​ឲ្យ​គ្នា​ភ្ញាក់ផ្អើល តែ​ក៏​បាន​ត្រលប់​ចូល​វិញ​ដោយ​សារ​មាន​ការ​សំណូមពរ​ច្រើន។ ចុះ​ឆ្នាំ Messiជួយ​អាហ្សង់ទីន​ដល់​វគ្គ​ណា? ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់