• 2018-06-05 01:34:46
  • កីឡា​ផ្សេង​ៗ

កីឡា​ជាតិ​លើក​ទី២​បាន​បិទ​បញ្ចប់​ផ្លូវ​ការ​ល្ងាច​មិញ​ដ៏​អធិកអធម​

  • 2018-06-05 01:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ (The 2nd National Games) ​​បាន​បិទ​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ល្ងាច​មិញ​ ថ្ងៃ​ចន្ទ ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ​ក្រោម​អធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​អាណា​ចក្រ​កម្ពុជា ​មន្ត្រី​​រាជការ​​ ​ភ្ញៀវជាតិ ​អន្តរជាតិ​ កីឡាករ​ កីឡា​ការិនី និង​មហាជន​យ៉ាង​ច្រើន​កុះករ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ រាជ​ធានី​ភ្នំពេញ។

ក្នុង​ពិធី​បិទ​ដ៏​វិសេស​វិសាល​នេះ​​មាន​ការ​សម្តែង​​ដោយ​តារា​ចម្រៀង​ មាស សុខសោភា​ ទៀង មុំសុធាវី និង​ក្មេង​ខ្មែរ​ដែល​សម្តែង​​អំពី​បទ​ដែល​​​ផលិត​ដោយ​ Smart។ ជា​មួយ​គ្នា​នេះ​ក៏​មាន​របាំ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ ការ​សម្តែង​​ចលនា​កាយ​សមស្រប​ដោយ​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF។ ពិធី​ក្បួន​ព្យុហយាត្រា​តាម​ប្រភេទ​កីឡា ព្រម​ទាំង​មាន​ការ​សម្តែង​​​សិល្បៈ​កម្សាន្ត​ជា​ច្រើន។

ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថ្លែង​សុន្ទរកថា​អំពី​ការ​​រៀប​ចំ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ និង​ឯកឧត្តម​​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​២​ឆ្នាំ​ម្តង។

អ្វី​ដែល​ពិសេស​បំផុត​នោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ថ្លែងសុន្ទរកថា​ប្រកប​ដោយ​អត្ថន័យ​ និង​ខ្លឹមសារ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​​កីឡា​ក្នុង​ប្រទេស​ឲ្យ​កាន់​តែ​​ខ្លាំង​ឡើង​ទូទាំង​ប្រទេស​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​​ឆ្នាំ​២០២៣។ បន្ទាប់​មក​សម្តេច​តេជោ​បាន​បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​ជា​ផ្លូវ​ការ​តាម​រយៈ​ពន្លត់​ភ្លើង​គប់។

ព្រឹត្តិការណ៍​​កីឡា​ជាតិ​លើក​ទី​២​បាន​ចូល​រួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុម​ហ៊ុន​ទូរសព្ទ​ Smart៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់