- 2018-05-26 23:31:09
- បាល់ទាត់
កំពូលកីឡាករ២នាក់ គិតថា Ramos មិនមានកំហុសទេ លើ Salah
- 2018-05-26 23:31:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលកីឡាករ២នាក់ គិតថា Ramos មិនមានកំហុសទេ លើ Salah
ចន្លោះមិនឃើញ
អតីតកីឡាករ Frank Lampard និង Rio Ferdinand គិតដូចគ្នាថា របូសរបស់ Salah មិនមែនជាចេតនារបស់ខ្សែការពារ Sergio Ramos បង្កើតឡើងនោះទេ ដោយវាជារបួសខ្លួនឯង។
Real Madrid បានយកឈ្នះលើក្រុម Liverpool ៣-១ ក្នុងពានរង្វាន់ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ។ ក្នុងការប្រកួតនោះដែរ Salah ខ្សែប្រយុទ្ធសំខាន់បំផុតរបស់ Liverpool ត្រូវបានប្ដូរចេញនៅពាក់កណ្ដាលតង់ទី១ ដោយសារតែរងរបួសស្មាពេលប្រជែងយកបាល់ជាមួយ Ramos ។
ការរបួសកីឡាករសំខាន់នេះដែរ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបន្ទោសថា Ramos មានល្បិច ចេតនា ចង់ធ្វើឱ្យកីឡាករអេហ្ស៊ីបម្នាក់នេះរបួសតែម្ដង ដោយបានគាបដៃរបស់គេចាប់ ហើយផ្ដួលទៅនឹងទីលាន។ យ៉ាងណាមិញ អ្នកជំនាញខាងកីឡា និងអតីតកីឡាករកំពូល២នាក់ Lampard និង Ferdinand មិនគិតដូចអ្នកគ្រប់គ្នាឡើយ ដោយពួកគេលើកឡើងថាប្រធានក្រុម Real Madrid គ្មានកំហុសទេ ព្រោះជាការប្រជែងយកបាល់គ្នា បើមានកំហុសអាជ្ញាកណ្ដាលនឹងចាប់ពេលនោះហើយ។
អតីតកីឡាករ Chelsea បាននិយាយថា៖ “ខ្ញុំមិនគិតថាគាត់ចង់ធ្វើឱ្យនរណារបួសទេ។ គាត់នៅកៀកគ្នា ហើយដូចដែលខ្សែការពារដទៃទៀតធ្វើ គឺគេតែងតែប្រជែងនិងបិទយកបាល់ដូច្នេះឯង។ ហើយវាចំពេលដែល Salah ប្រជែងយកខ្លាំងដែរ ទើបបណ្ដាលឱ្យប៉ះស្មាខ្លាំងយ៉ាងនេះ”។
ដោយឡែកអតីតខ្សែការពារ Manchester United វិញក៏បញ្ជាក់ដែរថា៖ “ខ្ញុំគិតថាវាជារបៀបការពារល្អណាស់របស់ Ramos ហើយខ្ញុំមិនគិតថាគាត់ចង់ធ្វើឱ្យ Salah របួសនោះទេ។ នេះជាការប្រកួតធំ ដូច្នេះការប្រជែងគ្នាខ្លាំងតែកើតមានឡើង”។
ជ័យជម្នះយប់មិញនេះ បានធ្វើឱ្យ Real Madrid ក្លាយជាក្លឹបបាល់ទាត់ដំបូងឈ្នះពាន UCL បាន១៣ដង និងការពារតំណែងជើងឯកបាន២ឆ្នាំជាប់គ្នាផងដែរ៕