• 2018-05-24 03:16:12
  • បាល់ទាត់

គ្រូ U18 ​បាទី ​ថា​ឈ្នះ​ពាន​ថ្នាក់​ខេត្ត​ ​ដើម្បី​ជូន​ដល់ ​ទៀត គឹមហេង ​ដែល​របួសបាក់ដៃ

  • 2018-05-24 03:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​Musashi Mizushima គ្រូបង្គោលក្រុមU18បាទី ​បាន​ដឹក​នាំ​ក្រុម​ឈ្នះ​ពាន​រង្វាន់ Hun Sen Cup ​ថ្នាក់​ខេត្ត​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​គីរី​វង់​សុខសែន​ជ័យ ២-១។

រូបភាព៖ CNCC

ក្រោយ​ពី​ជ័យជម្នះ​នេះ​ទៅ លោក Musashi ​បាន​បញ្ជាក់​ថា​នេះ​ជា​ការ​ឈ្នះ​មួយ​សម្រាប់​កីឡាករ ទៀត គឹមហេង ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស។ ត្បិត​តែ​គេ​មិន​បាន​មក​ជួយ​ក្រុម ប៉ុន្តែ​បាន​ឡើង​មក​ដល់​វគ្គ​នេះ​ក៏​មាន​ចំណែក​របស់​កីឡាករ​ម្នាក់​នេះ​ដែរ។ ​ក្រុម​ទាំង​មូល​លេង​ល្អ ​គឺ​ដើម្បី​ជា​លើក​ទឹក​ចិត្ត​ដល់​ គឹមហេង ​ឱ្យ​ឆាប់​ជា​សះស្បើយ។ ​ប្រធាន​ក្រុម​ U18 ​បាទី ​បាន​រង​របួស​បាក់​ឆ្អឹង​ដៃ ​ដោយ​ត្រូវ​សម្រាក​យ៉ាង​តិច​ក៏​២​ខែ​ដែរ។

និយាយ​ពី​ការ​ប្រកួត​វិញ ​គ្រូ​ជប៉ុន​ខាង​លើ​មើល​ឃើញ​ថា​គីរីវង់​ជា​ក្រុម​ខ្លាំង​មួយ។ កីឡាករ​ពួកគេ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​លេង​ដោយ​សាមគ្គី​របស់​ក្រុម U18 ​បាទី ​នៅ​តែ​អាច​យក​ជ័យជម្នះ​បាន ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Hun Sen Cup ​ថ្នាក់​ខេត្ត​នេះ។

ចំពោះ​ប្រាក់​រង្វាន់​ថ្នាក់​ខេត្ត​នេះ​វិញ ​ក្រុម​លេខ​១ U18 ​បាទី​ទទួល​បាន​ប្រាក់ ១៥​លាន​រៀល អម​ជាមួយ​ពាន​មួយ ​និង​មេដាយ​មាស​៣០​គ្រឿង។ ចំណែក​ឯ​លេខ​២ គីរីវង់​វិញ ​បាន​៧,៥​លាន​រៀល និង​មេដាយ​ប្រាក់​៣០​គ្រឿង។ ក្រៅ​ពី​នោះ ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​បាន​ទៅ​លើ​លោក Musashi ​ប្រាក់​រង្វាន់​៥០​ម៉ឺន​រៀល ​អ្នក​ចាំ​ទី​ល្អ​បាន​ទៅ​លើ ហ៊ុល គឹមហ៊ុយ​របស់ U18 ​បាន​៥០​ម៉ឺន​រៀល ​និង​អ្នក​ទាត់​ចូល​ទី​ច្រើន​ជាង​គេ​បាន​ទៅ​លើ កែវ ណារ៉ូ ​របស់​ក្រុម​យុវជន​ក្រសួង​ការពារជាតិ ​៥០​ម៉ឺន​រៀល៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់