• 2018-05-21 08:46:36
  • វិភាគ

រឿង​សំខាន់​៥​ដែល​អ្នក​គួរ​ដឹង​ពី​ជំនួប​ Real និង​ Liverpool

  • 2018-05-21 08:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid នឹង​ប្រឈម​មុខ​ជាមួយ​ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League នៅ​ទីក្រុង​ Kiev ប្រទេស​អ៊ុយក្រែន​ដើម្បី​ការពារ​ដំណែង​ជើង​ឯក​របស់​ខ្លួន។ ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដូចគ្នា​តាំង​ពី​វគ្គ​ចែក​ពូល​ ដោយ​ទម្លាក់​ក្រុម​ខ្លាំង​ជា​ច្រើន​មុន​ឈាន​ជើង​ជាន់​វេទិកា​វគ្គ​ផ្ដាច់ព្រ័ត្រ​។

យ៉ាង​ណា​មុន​ការ​ប្រកួត​មក​ដល់​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ Sabay សូម​ជូន​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​៥​របស់​ក្រុម​ទាំង​ពីរ​ដូច​ខាង​ក្រោម​៖​

១. Liverpool លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ដំបូង​ក្នុង​រយៈ​ពេល​១១​ឆ្នាំ

Liverpool គឺជា​ក្រុម​ជោគជ័យ​បំផុត​របស់​អង់គ្លេស​នៅ​ពាន​រង្វាន់​ Champions League ដោយ​ធ្លាប់​ឈ្នះ​ជើង​ឯក​៥​សម័យ​កាល​ និង​រង​ជើង​ឯក​២​ដង​។ លើក​ចុងក្រោយ​ដែល​ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​នេះ​គឺ​នៅ​ក្នុង​ឆ្នាំ​២០០៧​ តែ​ចាញ់​ AC Milan ១​ទល់​នឹង​២។​

យ៉ាង​ណា​ក្រោយ​ខកខាន​លេង​ Champions League តាំង​ពី​ឆ្នាំ​២០១៥​មក​ Liverpool បាន​កៅអី​វិញ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jurgen Klopp នឹង​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។​

២. Real Madrid មាន​ឱកាស​ចារ​ប្រវត្តិសាស្ត្រ​

Real Madrid គឺ​ជា​ក្រុម​ដំបូង​គេ​ដែល​អាច​ការពារ​ដំណែង​ជើងឯក​ Champions League បាន​សម្រេច​ក្រោយ​ឈ្នះ​ Juventus កាល​ពី​ឆ្នាំ​ទៅ ហើយ​នៅ​ឆ្នាំ​នេះ​ពួកគេ​នៅ​តែ​មានឱកាស​ដើម្បី​ចារ​ប្រវត្តិសាស្ត្រ​ថ្មី​គឺ​ឈ្នះ​ពាន​៣​រដូវ​កាល​ជាប់​គ្នា​បើ​អាច​ផ្ដួល​ Liverpool បាន​។

៣. Liverpool មាន​តែម​ជាង​ Real បន្ដិច​បើ​មើល​លើ​ប្រវត្តិសាស្ត្រ

Liverpool និង​ Real Madrid គឺ​ជា​គូ​ប្រជែង​ចាស់​តាំង​ពី​ Champions League មាន​ឈ្មោះ​ថា European Cup មក​ម្ល៉េះ។ ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​កាល​ពី​ឆ្នាំ​១៩៨១ ដោយ​ Liverpool បាន​យក​ឈ្នះ​ ១​ទល់នឹង​០។ លុះ​ដល់​ពាន​នេះ​ប្ដូរ​ទៅ​ជា​ Champions League ក្រុម​ Liverpool ធ្លាប់​ឈ្នះ​២​ដង​ និង​ Real Madrid ធ្លាប់​ឈ្នះ​២​ដង​ដូចគ្នា។​

៤. Klopp មាន​កំណត់ត្រា​ល្អ​ទល់​នឹង​ Real Madrid

ថ្វី​ត្បិត​ Liverpool ទើប​ប៉ះ​ Real លើក​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jurgen Klopp នៅ​ Champions League ប៉ុន្តែ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​ធ្លាប់​លេង​៦​លើក​រួច​ហើយ​ជាមួយ​ក្លឹប​យក្ស​មកពី​អេស្ប៉ាញ​នេះ​កាល​ដឹកនាំ​ Dortmund។ កំណត់ត្រា​កន្លង​មក​គឺ​ Klopp បាន​យក​ឈ្នះ​ Real ៣​ដង​, ចាញ់​២​ដង​ និង​ស្មើ​ម្ដង។​

៥. ពាន​ Champions League អាច​ឲ្យ​ Salah ឈ្នះ​ Ballon d'Or

ជា​មួយ​នឹង​គ្រាប់​បាល់​ ៤៤​គ្រាប់​ និង​ Assist (បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត)១៦​លើក​បាន​ធ្វើ​ឲ្យ​ឈ្មោះ​​ Mohamed Salah ល្បី​ល្បាញ​ពេញ​ពិភព​បាល់ទាត់​សម្រាប់​ឆ្នាំ​២០១៨​។ ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​បាន​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ជាង​៣០​គិត​ត្រឹម​ខែ​ឧសភា​នេះ​ ហើយ​ច្បាស់​ណាស់​រូប​គេ​នឹង​ឈរ​លើ​វេទិកា​ដណ្ដើម​ Ballon d'Or ជាមួយ​ Ronaldo និង​ Messi បើ​អាច​នាំ​ Liverpool លើក​ពាន​ Champions League បាន៕

ប្រភព៖ UEFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់