• 2018-05-20 13:26:40
  • បាល់ទាត់

បឹងកេត វាយ​បក​ឈ្នះ​ស្វាយ​រៀង ចុង​ម៉ោង រក្សា​កំណត់​ត្រាឈ្នះ​ដូច ណាហ្គា​វើល

  • 2018-05-20 13:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ណាហ្គាវើល​ និង​បឹងកេត​​​នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​ឡើយ​រហូត​ដល់​សប្តាហ៍​ទី​សប្តាហ៍​ទី​៦​នៃ​លីគ​កំពូល​កម្ពុជា​២០១៨​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​គូ​ប្រកួត​រៀង​ៗ​ខ្លួន។

បឹងកេត​ ៣-១ ​ព្រះ​ខ័នរាជ​ស្វាយរៀង

ក្រុម​ការពារ​តំណែង​ជើង​ឯក​ បឹងកេត បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ចុង​ម៉ោង​ បន្ទាប់​ពី​ត្រូវ​ស្វាយរៀង​នាំ​មុខ ១-០ តាំង​ពី​នាទី​១៣​ដោយ​កីឡាករ Booysen Shane។ ការ​ព្យាយាម​យ៉ាង​ខ្លាំង​ទាំង​វគ្គ​ទី​១ និង​វគ្គ​ទី​២​រហូត​នាទី​៨៤​ទើប បឹងកេត តាម​ស្មើ ១-១ តាម​រយៈ​ការ​ទាត់​ពិន័យ​១១​ម៉ែត្រ​របស់​កីឡាករ​ប្រេស៊ីល Mycon។ ៣​នាទី​ក្រោយមក Samuel Ajayi ស៊ុត​គ្រាប់​បាល់​នាំមុខ ២-១ ។ នៅ​ម៉ោង​បន្ថែម​៩០+ទៅ​ហើយ​ ខ្សែ​ប្រយុទ្ធ Julius Oiboh រក​បាន​​១​គ្រាប់​ដែរ។ ចំណែក​ស្វាយរៀង​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ទី​១ ប៉ុន្តែ​វគ្គ​ទី​២​ហាក់​ដូច​មិន​សម្រុកខ្លាំង​​ដែល​បណ្តាយ​ឲ្យ​បឹងកេត​វាយ​លុកយ៉ាង​ខ្លាំង។ ទី​បំផុត បឹងកេត នៅ​តែ​រក្សា​កំណត់​ត្រា​មិន​ចាញ់​គឺ ឈ្នះ​៥​ប្រកួត និ​ង​ស្មើ​១​ប្រកួត​ដូច​ ណាហ្គាវើល​ដែរ។

ភ្នំពេញ​ក្រោន ៤–០ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

ភ្នំពេញ​ក្រោន​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​អគ្គស្នងការដ្ខាន​នគរ​បាល់ទាត់ ៤-០ ដោយ​មិន​ឲ្យ​ដៃ​គូ​ស៊ុត​ចូល​ទី​របស់​ខ្លួន​សោះ។ ៤​គ្រាប់​របស់​ភ្នំពេញ​ក្រោន​ធ្វើ​បាន​សម្រេច​ដោយ​ អ៊ុន សុវណ្ណ ២​គ្រាប់ គឺ​ស៊ុត​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី​៣៦ និង​១​គ្រាប់​ទៀត​នៅ​​នាទី​ទី​៧៨។ កីឡាករ​វ័យ​ក្មេង ស៊ីន កក្កដា ស៊ុត​បាន​១​គ្រាប់​នៅ​នាទី​ទី​៥៣ និង​កីឡាករ​ជប៉ុន Atsushi Shirota នៅ​នាទី​ទី​៦៧៕

ស៊ីន កក្កដា (អាវ​ក្រហម)

ណាហ្គាវើល ៤-១ ​​សូទីលូអង្គរ​

បន្ទាប់​ពី​ឈ្នះ​៤​ប្រកួត​ និង​ស្មើ​១​ប្រកួត​កន្លង​មក​ ណាហ្គាវើល​​​បាន​បន្ត​ឈ្នះ​សប្តាហ៍​ទី​៦​ទៀត​ តាម​រយៈ​ការ​ ​ទម្លាយ​សំណាញ់​ទី​ក្រុម​សូទីលូ​អង្គរ​រហូត​ដល់​៤​គ្រាប់។ កីឡាករ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​គឺ សារី ម៉ាត់ណូរ៉ូទីន​ រក​បាន​៣​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ទី​៣, ៣៤ និង​៤៤​ បើ​ទោះ​ជា​កីឡាករ​រូប​នេះ​ទើប​តែ​ជា​សះ​ស្បើយ​ពី​របួស។ ១​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ផ្កា​រីក​គ្រប់​រដូវ​ សុះ ស៊ូហាណា​ នៅ​នាទីទី​៨៥។ យ៉ាង​ណា ណាហ្គាវើល​មិន​អាច​រក្សា​ពងមាន់​​របស់​ខ្លួន​បាន​ឡើយ​ដោយ​ត្រូវ​សូទីលូ​អង្គរ​បំបែក​ពងមាន់​ដោយ​កីឡាករ​ Kento Fujihara នៅ​នាទី​ទី​៦៦។

សារី ម៉ាត់ណូរ៉ូទីន របស់ណាហ្គាវើល

វេស្ទើន​ភ្នំពេញ​ ០-២ អគ្គិសនី​កម្ពុជា​

ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​វេស្ទើន​ភ្នំពេញ​ដោយ​លទ្ធផល​ ២-០ នៅ​កីឡដ្ឋាន​វេស្ទើន។ ២​គ្រាប់​របស់​អគ្គិសនី​កម្ពុជា​រក​បាន​ដោយ​កីឡាករ ផានី អ៊ីរដ្ឋា​នៅ​នាទី​ទី​៥០​ និង​អតីត​កីឡាករ​ណាហ្គាវើល ជិត ជុំ​នៅ​នាទី​ទី​៨៧។ ចំណែក​ម្ចាស់​វេស្ទើន​ភ្នំពេញ​​មិន​អាច​​ទម្លាយ​សំណាញ់​​ទី​របស់​អគ្គិសនី​កម្ពុជា​បាន​ឡើយ។

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់