• 2018-05-15 07:41:00
  • បាល់ទាត់

Mancini ​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​អ៊ីតាលី ត្រៀម​ហៅ Balotelli ​ចូល​វិញ

  • 2018-05-15 07:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roberto Mancini ​អតីត​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​អ៊ីតាលី​ហើយ ​ក្នុង​កុងត្រា​រយៈ​ពេល​២​ឆ្នាំ។

កាល​ពី​ម្សិលមិញ​នេះ Mancini ​ទើប​តែ​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្លឹប Zenit ​ប៉ុណ្ណោះ ​ហើយ​ស្រាប់​តែ​អ៊ីតាលី​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​វិញ​ភ្លាម​ថា ​គ្រូ​បង្វឹក​រូប​នេះ​នឹង​ចូល​ខ្លួន​មក​ដឹក​នាំ​តែ​ម្ដង។ បុរស​វ័យ​៥៣​ឆ្នាំ​រូប​នេះ ​នឹង​ត្រូវ​ជួសជុល​ជម្រើស​ជាតិ​អ៊ីតាលី​ឡើង​វិញ ​ក្រោយ​ពី​ក្រុម​ខ្លាំង​មួយ​នេះ​របូត​កៅអី​លេង​នៅ World Cup ​នា​ឆ្នាំ​នេះ។ លោក​នឹង​កោះ​ហៅ​កីឡាករ​ជម្រើស​ជាតិ ​ដើម្បី​ប្រមូល​ផ្ដុំ​នា​ពេល​ខាង​មុខ ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ ​ជាមួយ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ​និង​ស្វីស ​នា​ចុង​ខែ​នេះ។

សូម​បញ្ជាក់​ថា Mancini ​ជា​អ្នក​ចាត់ការ​មាន​បទ​ពិសោធ​ម្នាក់ ​ហើយ​បុរស​ម្នាក់​នេះ​ហើយ​ដែល​នាំ​ក្រុម Man City ​ស្គាល់​រស​ជាតិ​ពាន​រង្វាន់ English Premier League ​នៅ​ឆ្នាំ​២០១២។ ​ការ​ចូល​កាន់​តំណែង​នៅ​អ៊ីតាលី​នេះ ​លោក​អាច​នឹង​ធ្វើ​ការ​កោះ​ហៅ​កីឡាករ​សំណព្វ​ចិត្ត Mario Balotelli ​ឱ្យ​លេង​ជម្រើស​ជាតិ​វិញ ​ត្បិត​អី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ខកខាន​ជាប់​តាំង​ពី​ឆ្នាំ​២០១៤​មក៕

ប្រភព៖ Independent ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់