• 2018-05-11 08:42:56
  • ប្រដាល់

ម៉ឺន​ សុភា​ មិន​អាច​មើល​ស្រាល​ ឡុង​ សុភី​ ទោះ​ធ្លាប់​ឈ្នះ​ម្ដង​រួច​ហើយ​

  • 2018-05-11 08:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កណ្ដាប់ដៃ​ថ្ម​ ម៉ឺន​ សុភា​ មិន​អាច​ប្រហែស​បាន​ទេ​ ពេល​ប៉ះ​ ឡុង​ សុភី​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ស្រាបៀ​លីអូ​ នា​ថ្ងៃ​អាទិត្យ​ ទី១៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨​នេះ​ ទោះ​រូប​គេ​ធ្លាប់​ឈ្នះ​ម្ដង​រួម​ហើយក្ដី។​

ម៉ឺន​ សុភា(ខៀវ) ឡុង សុភី​(ក្រហម)

ការ​ប៉ះ​គ្នា​លើក​ទី២​ រវាង​ ម៉ឺន​ សុភា​ និង​ ឡុង​ សុភី ​នេះ​ ច្បាស់​ជា​កក្រើក​សង្វៀន​មិន​ខាន​ ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ចង់​ឈ្នះ​ ដើម្បី​គ្រង​ខ្សែក្រវាត់​ទម្ងន់​ ៧០គីឡូក្រាម​ រួម​ទាំង​ទឹក​ប្រាក់​ច្រើន​ពាន់​ដុល្លារ​ថែម​ទៀត​ផង។​

បើ​មើល​ទៅ​ ម៉ឺន​ សុភា​ ហាក់​មាន​ប្រៀប​ឈ្នះ​ ឡុង​ សុភី​ ច្រើន​ដោយ​សារ​កណ្ដាប់​ដៃ​ធ្ងន់ៗ​ រួម​ទាំង​ស្នៀត​ទាត់​ក្រោម​ល្អ​ ខណៈ​កម្លាំង​ស៊ុហ្វ​ក៏​ល្អ​ទៀត។​ ហើយ​មហាជន​មួយ​ចំនួន​ក៏​ផ្តល់​ក្ដី​ខ្ពស់​លើ​កីឡាករ​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេ ២០១៧ រូប​នេះ​ក៏​ច្រើន​ដែរ​ ថា​នឹង​អាច​ឈ្នះនា​ជំនួបនេះ។​

ម៉ឺន សុភា ពេលឈ្នះ​មេដាយ​មាសកីឡាជាតិ​លើក​ទី១

ឡុង​ សុភី​ ក៏​មិន​អន់​ដែរ​ បើ​គិត​ពី​ស្ថិតិ​ប្រកួត​ប្រកួត​កន្លង​ទៅ​ទាំង​វគ្គ​សន្សំពិន្ទុ​ និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ខ្លាំង​រូប​នេះ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​ ពោល​៥​ប្រកួត​ឈ្នះ​ទាំង​អស់​ រាប់​ទាំង​ឈ្នះ​ វ៉ាត់ឆារ៉ាឡេក​ផង​ដែរ។​ ស្រប​ពេល​ ម៉ឺន​ សុភា​ ឈ្នះ​ទាំង​ប្រភិតប្រផើយ​ ៣-២​ នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ។​

ឡុង សុភី​ ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

កូន​សិស្ស​លោក​គ្រូ​សាលវ័ន្ត​ ខាង​លើ​នេះ​ មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​ ជា​អ្នក​ប្រដាល់​ចាស់​វស្សា​មក​ហើយ​ កម្មវិធី​ធំ​តូច​ធ្លាប់​ឆ្លងកាត់​រាប់​មិន​អស់​ទៅ​ហើយ។​ ចំណុច​ពិសេស​របស់​ជើង​ខ្លាំង​រូប​នេះ​ គឺ​ពូកែ​វ៉ៃ​យក​ពិន្ទុ​ បើ​ទោះ​ជា​ផ្លែ​មិន​សូវ​ធ្ងន់​ក្ដី​ ប៉ុន្តែ​សន្សំ​បាន​ពិន្ទុ​រហូត។​ ការ​ជួប​គ្នា​លើក​ទី១​នៅ​ស្តាត​ចាស់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កីឡា​ជាតិ​កន្លង​ទៅ​ អាច​ថា​ ម៉ឺន​ សុភា​ ឈ្នះ​ ឡុង​ សុភី​ ដោយ​មិន​សូវ​ពិបាក​នោះ​ទេ​ ព្រោះ​ពួកគេ​វ៉ៃ​គ្រាន់តែ​វ៉ៃបង្រ្គប់​កិច្ច​ប៉ុណ្ណោះ​ ណា​មួយ​ប្រាក់​រង្វាន់​តិច​ ហើយ​ជា​អ្នក​រាប់អានគ្នា​ថែម​ទៀត។​

ឡុង​​ សុភី ឈ្នះ​កន្លង​ទៅ

កីឡាករ​ ម៉ឺន​ សុភា​ នឹង​ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​ ឡុង​ សុភី​ ដណ្ដើម​លេខ១​ កម្មវិធី​ខ្សែក្រវាត់​ស្រាបៀ​លីអូ​ នា​ថ្ងៃ​អាទិត្យ​ ទី១៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨។​ ម៉ឺន​ សុភា​ ឈ្នះ​ពិន្ទុ​ ឡុង​ សុភី​ ម្ដង់​រួចមក​ហើយ​កាល​ពី​ ឆ្នាំ​២០១៦​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កីឡា​ជាតិ​លើក​ទី១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់