• 2018-05-08 02:46:22
  • ប្រវត្តិ​​

រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ដឹង​ពី​​​កីឡា​​​អុកចត្រង្គ​ខ្មែរ​

  • 2018-05-08 02:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ពេល​ចុងក្រោយ​នេះ​​អុក​ចត្រង្គ​ ​ ដែល​ល្បែង​បូរាណ​វ័យ​ចំណាស់​របស់​កម្ពុជា កំពុង​តែ​ផុលផុស​ឡើង​វិញ ដោយ​មាន​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​ជាតិ ដូចជា​ពាន​រង្វាន់​ក្នុង​ពិធី​អង្គរ​​សង្ក្រាន្ត​កាល​ពី​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​កន្លង​ទៅ​ ក៏​ដូច​ជា​​មាន​ការ​គ្រោង​​ជួយ​ជ្រោម​ជ្រែង​ពី​សហព័ន្ធ​កីឡា​អុក​អន្តរជាតិ​ថែម​ទៀត​ផង។

កីឡាអុកចត្រង្គ​ត្រូវ​បាន​រៀប​ចំ​ធំ​ៗ​ពេល​អង្គរ​សង្ក្រាន្ត

Sabay បាន​ជួប​សម្ភាសន៍​ជាមួយ​​លោក ឯម ហៀង ជា​គណៈកម្មការ​ប្រកួត​ និង ជា​អ្នក​ស្រាវជ្រាវ អុកចត្រង្គ​​មួយ​រូប​នៅ​កម្ពុជា​ នាំ​យក​បញ្ហា​សំខាន់ៗ មួយ​ចំនួន​ជុំ​វិញ​ល្បែង​​ចត្រង្គ​មក​បង្ហាញ​ឱ្យ​មិត្ត​ៗ​ទាំង​អស់​គ្នា​បាន​ដឹង។

ប្រវត្តិ​នៃ​អុកចត្រង្គ​

មិន​មាន​​ឯកសារ​ណា​​មួយ​បញ្ជាក់​ពី​យុគសម័យ​ដែល​ល្បែង​អុកចត្រង្គ​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​មាន​ភស្តុតាង​មួយ​ចំនួន​បង្ហាញ​ថា​ល្បែង​ប្រភេទ​នេះ​ធ្លាប់​ពេញ​ និយម​ក្នុង​សង្គម​ខ្មែរ​នា​សម័យ​បូរាណ ដូច​ជា មាន​ឆ្លាក់​​លើ​ជញ្ជាំង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ ប៉ុន្តែ​បើ​មើល​ឱ្យ​ចំ​ទៅ​ អុកចត្រង្គ​​មាន​មុន​​ពេល​កសាង​ប្រាសាទ​​​ថែម​ទៀត​ផង។ តឹក​តាង​មួយ​ទៀត​សល់​ពី​សម័យ​មុន​ដែរ​​គឺ​​ស្ថិត​ក្នុង​រឿង​ព្រេង​បុរាណ​ ដូចជា រាម​កេរ្តិ៍ ​ឬ​រឿង​កាកី រឿង​ធនញ្ជ័យ ​ជាដើម។

ឈៀវ បូរ៉ា កំពុង​ដើរ​

ឯកសារ ​មួយ​ចំនួន​​រួម​ទាំង​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ​បាន​បញ្ជាក់​ថា ​អុកចត្រង្គ​គឺ​ជា​ល្បែង​សម្រាប់​លេង​ឲ្យ​ឈ្លាសវៃ​ក្នុង​កល​ឧបាយ​របស់​អ្នក​ ចម្បាំង​ក្នុង​សម័យ​បុរាណ។  គេ​ច្រើន​ហៅ​សម្ភារៈ​របស់​ល្បែង​នេះ​​ថា ក្ដារ​ចត្រង្គ​ កូន​ចត្រង្គ​ ក្រឡា​ចត្រង្គ​ លេង​ចត្រង្គ​ អុក​ចត្រង្គ ជាដើម។

សន្តាន​នៃ​​អុកចត្រង្គ​

  • ល្បែង​បាស្កា​ (បាសកា)៖ ជា​ល្បែង​មួយ​ប្រភេទ​ដែល​មាន​​មេ​ចំនួន​២ ហើយ​ទម្លាក់​កូន​ទៅ​លើ​ក្ដារ​ដែល​មាន​ក្រឡា​ដូចជា​អុក​ដែរ។ គេ​អាច​ហៅ​ថា ល្បែង​បាសកា ឬ លេង​បាសកា។ មាន​ពេល​ខ្លះ​គេ​សរសេរ​តាម​ការ​និយាយ​ក្លាយ​ជា បាស្កា ក៏​បាន​ដែរ។
សុខ លឹមហេង ស្តេច​អុក​អង្គរសង្ក្រាន្ត​ឆ្នាំ​២០១៨
  • ល្បែង​រែក៖ ស្រដៀង​នឹង​អុក​ចត្រង្គ​ដែរ ខុស​តែ​កូន​និង​ការ​ចាញ់ ហើយ​មាន​បែប​ឱ្យ​ស៊ី​រែក​ទាំង​ពីរ​ខាង ឬ បើ​ម្ខាង​ទាល់​ច្រក ត្រូវ​អ្នក​ម្ខាង​ទៀត​កៀប​ក្រសោប​ស៊ី​ទាំង​បាន​ទាំង​អស់។ គេ​ច្រើន​ហៅ​ថា​លេង​រែក។

គោល​បំណង​នៃ​ល្បែង

ត្រង់ ​នេះ​អាច​បង្ហាញ​ពី​មូលហេតុ​ឱ្យ​ដឹង​ច្បាស់​ថា​​​ហេតុ​អ្វី​បាន​គេ​ហៅ​ថា «ល្បែង​អុក»។ គោល​បំណង​សំខាន់​នៃ​ល្បែង​នេះ​គឺ​ស៊ី​ ឃុន (ស្ដេច)។ នៅ​ពេល​​​ភាគី​ណាមួយ​ដើរ​កូន​​ចូល​​ក្រឡា​ត្រូវ​ស៊ី​​ស្ដេច ​គេ​តែងតែ​ប្រើ​ពាក្យ​ថា «អុក» អម​ដោយ​គោះ​ខ្លាំង​ៗ។

តួអង្គ​សំខាន់​ៗ​នៅ​ក្នុង​ល្បែង​អុក​ចត្រង្គ

ក្រឡា ​អុកចត្រង្គ​មាន​​ចំនួន​៦៤ ក្រឡា ខណៈ​កូន​ទាំង​សង​ខាង​​មាន​ចំនួន​៣២។ ក្នុង​ចំណោម​កូន​ទាំង​អស់​មាន​តួនាទី និង មុខងារ​នៃ​ការ​ដើរ​ខុសៗគ្នា៖

  • ស្ដេច ឬ ឃុន ៖ មាន​ចំនួន​ម្ខាង ១ ដោយ​មាន​សិទ្ធ​ដើរ​ចំនួន ១ ក្រឡា​ជុំ​វិញ​ខ្លួន ប៉ុន្ដែ​ការ​ចាប់​ផ្ដើម​ដើរ​ដំបូង​ត្រូវ​ដើរ​រាង​អក្ស L ផ្កាប់។

  • នាង៖ មាន​ចំនួន ម្ខាង​មួយ តំណាង​ឱ្យ​អគ្គមហេសី របស់​ស្ដេច ដោយ​មាន​សិទ្ធ​ដើរ​ចំហៀង​ក្រឡា​ជុំ​វិញ​ខ្លួន ប៉ុន្ដែ​​ពេល​ចេញ​ដំណើរ​ដំបូង ដើរ ២ ក្រឡា។

  • គោល៖ ជា​សេនាបតី ឬ មេទ័ព​ មាន​​ម្ខាង២។ តួអង្គ​មួយ​នេះ​​មាន​សិទ្ធ​ដើរ​​ចំហៀង​ក្រឡា​ជុំ​វិញ​ខ្លួន និង ទៅ​មុខ​ត្រង់។

  • សេះ៖ មាន​​ម្ខាង២ គឺ​តំណាង​ឱ្យ​ទ័ព​ជើង​គោក ដោយ​មាន​សិទ្ធ​ដើរ​ជា​ទម្រង់​អក្សរ L ផ្ដាប់។

  • ទូក៖ មាន​ ម្ខាង២ គឺ​តំណាង​ឱ្យ​ទ័ព​ជើង​ទឹក ដោយ​​អាច​ដើរ​ ស្រប​​​ក្រឡា​ជុំ​វិញ​ខ្លួន​ ជៀសវាង​តែ​មាន​កូន​ផ្សេង​កាត់​មុខ​ប៉ុណ្ណោះ។

  • ត្រី​៖ មាន​ចំនួន​ ម្ខាង ៨ គឺ​តំណាង​ឱ្យ​សេនា​ទាហាន​រេហ៍ពល មាន​សិទ្ធ​ដើរ​​នៅ​ក្រឡា​ចំហៀង​ខ្លួន​។ ករណី​​ត្រី​​ដើរ​ដល់​​ទីតាំង​កម្រិត​មួយ​​ពោល​គឺ​ទឹកដី​ឈរ​ជើង​ដំបូង​របស់​ ត្រី​នៃ​ភាគី​ម្ខាង​ទៀត ទើប​ឡើង​ឋានៈ​នៃ​ការ​ដើរ​ដូច​​ ​នាង។

លទ្ធផល​នៃ​ការ​ប្រកួត

សម្រាប់ ​​ការ​ប្រកួត​​ជា​លក្ខណៈ​ផ្លូវការ​ដូចជា ប្រកួត​​ថ្នាក់​ជាតិ ឬ អន្តរជាតិ គណៈកម្មការ​តែងតែ​ដាក់​ម៉ោង​កំណត់​​ក្នុង​ការ​ប្រកួត​ព្រោះ​ល្បែង​មួយ​នេះ​ ត្រូវ​ចំណាយ​ពេល​គិត​យូរ។ ប៉ុន្តែ​ករណី​ប្រកួត​ធម្មតា មិន​មាន​កំណត់​ពេល​ប្រកួត​នោះ​ទេ ហើយ​គេ​តែងតែ​គោរព​តាម​ការ​កំណត់​ថា៖

  • អុក​ងាប់៖ នៅ​ពេល​អុក​ទៅ​ចំ​ពេល​ស្ដេច អស់​ក្រឡា​ដើរ​ ពោល​គឺ​ក្រឡា​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ជើង​កូន​គូ​បដិបក្ខ​ស៊ី។ ជា​លទ្ធផល​គឺ​ត្រូវ​ចាញ់​គេ។

  • អុក​អាប់៖ នៅ​ពេល​អុក​ទៅ​ស្ដេច​អស់​ក្រឡា​ដើរ បាន​ន័យ​ថា​ដើរ​ទៅ​ណា​មិន​រួច​ដោយ​នៅ​ជុំ​វិញ​មាន​កូន​ផេ្សង​ទៀត គេ​សន្មត​ថា​លទ្ធផល​​​ស្មើ​គ្នា។ ​

ករណី​រាប់​កូន

ប្រសិន ​បើ​ភាគី​ម្ខាង​​នៅ​សល់​កូន​ច្រើន ហើយ​មាន​ប្រៀប​លើ​​ភាគី​ម្ខាង​​ទៀត​ គេ​​ចាំបាប់​ត្រូវ​តែ​រាប់​កូន​​​កំណត់​​ក្រឡា​សម្រាប់​ដើរ​​ឱ្យ​ដើម្បី​​ ឱ្យ​មាន​តុល្យភាព​ក្នុង​កា​លេង។ ការ​រាប់​កូន​គឺ​​គិត​ចាប់​ពី​កូន​នៅ​សល់ បូក​ជាមួយ​និង​ចំនួន​កូន​​ដែល​ត្រូវ​រាប់​ឱ្យ​ដើរ។

ចំនួន​កូន​ដែល​ត្រូវ​រាប់​មាន​ដូចជា

  • ករណី​សល់​ទូក ១ ត្រូវ​រាប់​ចំនួន ១៦ ក្រឡា (ទូក ២ រាប់ ៨ ក្រឡា)
  • ករណី​​សល់​គោល ១ ត្រូវ​រាប់​ចំនួន ៤៤ ក្រឡា (គោល ២ រាប់ ២២ ក្រឡា)
  • ករណី​សល់​សេះ ១ រាប់​ចំនួន ៦៤ ក្រឡា (សេះ​២ រាប់ ៣២)
  • ចំពោះ​ត្រី​ គេ​មិន​រាប់​ទេ តែ​​បើ​សល់​ត្រូវ​រាប់​ពី១ ដល់ ៦៤ ក្រឡា

យោង​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឱ្យ​ដឹង​កាល​ពី​ពេល​កន្លង​មក​​ថា ល្បែង​អុក​អាច​ជួយ​​ឱ្យ​មនុស្ស​ប្រមូល​អារម្មណ៍​បាន​ល្អ ជា​ពិសេស​ជួយ​បង្កើន​ការ​គិត​ ​រហូត​ដល់​ប្រទេស​រីកចម្រើន​មួយ​ចំនួន បាន​ដាក់​ក្នុង​កម្មវិធី​សិក្សា​ដល់​សិស្ស​របស់​គេ​ទៀត​ផង។ លោក​​បន្ថែម​ថា​ក្មេង​​​មួយ​ចំនួន​អាច​កាត់​បន្ថយ​សកម្មភាព​លេង​​ច្រើន​​ របស់​គេ​ ដោយ​​នៅ​នឹង​តែ​មួយ​កន្លែង​​ ពេល​ចេះ​លេង​អុក៕

ម៉េច​ដែរ​ប្រិយមិត្ត បាន​ស្គាល់​ខ្លះ​ពី​អុកចត្រង្គ​​អីចឹង មាន​ចាប់​អារម្មណ៍​ចង់​សាក​លេង​អត់?

អត្ថបទ៖ ម៉ឺន រស្មី

មតិយោបល់