• 2018-02-13 03:06:37
  • វិភាគ

ហេតុ​ផល​២​យ៉ាង​​ ហេង ស៊ីវឡាង​ឈ្នះ​មេដាយ​មាស​ក្រៅ​ប្រទេស​

  • 2018-02-13 03:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​​ប្រណាំង​កង់​ជម្រើស​ជាតិ​កម្ពុជា​ ហេង ស៊ីវឡាង​បាន​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​ជើង​ឯក​​ប្រណាំង​កង់​​មួយ​​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ហេង ស៊ីវឡាង បាន​ឲ្យ​ដឹង​ថា​ សម្រាប់​​ព្រឹត្តិការណ៍​ប្រណាំង​នេះ​​​មាន​ប្រទេស​ចូល​រួម​ប្រមាណ​២០​ធ្វើ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ជា​លទ្ធផល​​​អ្នក​ស្រី​ឈ្នះ​បាន​មេដាយ​មាស​ និង​បង​ស្រី​  ហេង​ ស៊ីវហ្គិច​​ ឈ្នះ​មេដាយ​ប្រាក់។

ហេង ស៊ីវហ្គិច និង ហេង ស៊ីវឡាង (រូបថត៖ Kong Ty)

ស៊ីវឡាង​បាន​ឲ្យ​ដឹង​ថា​ មាន​ហេតុ​ផល​២​យ៉ាង​ដែល​អាច​បណ្តាល​ឲ្យ​បង​ប្អូន​ត្រកូល​ ហេង​ ទទួល​បាន​លទ្ធផល​ដ៏​ល្អ​បែប​នេះ។ ទី​១​ សមត្ថភាព​កើន​ឡើង​ជាង​មុន​ បើ​ប្រៀប​ធៀប​នឹង​សមត្ថភាព​កាល​ពី​ឆ្នាំ​មុន ពី​ព្រោះ​តាំង​ពី​មុន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​ក្រោយ​ស៊ីហ្គេម​ ក៏​ពួក​គាត់​នៅ​តែ​ខំ​ប្រឹង​ហ្វឹកហាត់​រហូត។

​ទី​២​អាច​​​បណ្តាល​មក​​វិញ្ញាសា​ប្រកួត។ កម្មវិធី​ប្រកួត​នេះ​បាន​បែង​ចែក​វិញ្ញាសា​ទៅ​តាម​កម្រិត​ជំនាញ​ និង​អាយុ​​គឺ​វិញ្ញាសា​អាយុ​​ក្រោម​១៨​ឆ្នាំ​ វិញ្ញាសា​អាយុ​ក្រោម​២៣​ឆ្នាំ​ វិញ្ញាសា​ជំនាញ​ និង​វិញ្ញាសា​ជំនាញ​អាយុ​​​៣៥​ឆ្នាំ​ឡើង។ កីឡា​ការិនី​កម្ពុជា​​ទាំង​ពីរ​នាក់​​​ប្រកួត​ក្នុង​វិញ្ញាសា​ជំនាញ​អាយុ​​៣៥​ឆ្នាំ​​ចម្ងាយ​​២២​គីឡូម៉ែត្រ​។​ ដូច្នេះ​កីឡា​ការិនី​ប្រទេស​ផ្សេង​ៗ​ដែល​មាន​អាយុ​៣៥​ឆ្នាំ​ឡើង​​មិន​មាន​សមត្ថភាព​លើ​​កីឡា​ការិនី​កម្ពុជា​ឡើយ។

អ្នក​ស្រី​ ហេង ស៊ីវឡាង​​បន្ថែម​ថា​ នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​អាជីព​ជិះកង់​របស់​​អ្នក​ស្រី​ដែល​បាន​ឈ្នះ​មេដាយ​​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ ប៉ុន្តែ​ជា​លើក​ទី​២​សម្រាប់​មេដាយ​ក្រៅ​ប្រទេស។ ការ​ឈ្នះ​មេដាយ​មាស​លើក​ទី​១​នៅ​ប្រទេស​​ម៉ាឡេស៊ី​​ដែល​​​ពេល​នោះ​គ្រាន់​តែ​​ជា​ការ​ប្រកួត​ជា​មួយ​ក្រុម​កីឡា​ការិនី​ជិះ​កង់​របស់​ប្រទេស​ម៉ាឡេស៊ី​ប៉ុណ្ណោះ។

គណៈប្រតិភូ​កីឡា​ជិះ​កង់​កម្ពុជា​​មាន​គ្នា​​៦​នាក់​គឺ​កីឡាករ​៣​នាក់​ កីឡា​ការិនី​២​នាក់​ និង​គ្រូ​បង្វឹក​១​នាក់​បាន​ចូល​រួម​ប្រកួត​ជិះ​កីឡា​កង់​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​មាន​ប្រទេស​ផ្សេង​ៗ​ប្រមាណ​២០​ចូល​រួម​ប្រកួត។ ក្រុម​កម្ពុជា​បាន​វិល​ត្រឡប់​មក​ដល់​​មាតុ​ប្រទេស​កាល​​ពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ចន្ទ​ ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់